ភ្ញៀវអន្តរជាតិមកទស្សនាប្រាសាទអង្គរវត្តកើនឡើង២៨,៣៣ភាគរយ

/

ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤ ភ្ញៀវទេសចរអន្តរជាតិប្រហែល ៩សែននាក់បានមកទស្សនាឧទ្យានបុរាណវិទ្យាអង្គរ ដោយទទួលបានចំណូលប្រមាណ ៤២លានដុល្លារ។ នេះបើយោងតាមគ្រឹះស្ថានអង្គរ។ លើសពីនេះ ប្រាសាទកោះកេរ រកបាន ២៧៨ ៧៦៥ដុល្លារ ខណៈសំបុត្រជិះទូកនៅចុងឃ្នៀស ទទួលបាន ៧០០ ០០៤ដុល្លារ។

តម្លៃសំបុត្រគឺ ៣៧ដុល្លារសម្រាប់មនុស្សម្នាក់ក្នុងមួយថ្ងៃ ៦២ដុល្លារសម្រាប់៣ថ្ងៃ និង ៧២ដុល្លារសម្រាប់រយៈពេល៧ថ្ងៃ ស្រាប់ការទស្សនាប្រសាទនានាក្នុងតំបន់អង្គរ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានប្រាប់គិរីផូសថា មានហេតុផលសំខាន់ពីរដែលភ្ញៀវទេសចរក្នុងខេត្តសៀមរាបកើនឡើង រួមមានអាកាសធាតុអំណោយផលក្នុងខែវិច្ឆិកា និងការផ្សព្វផ្សាយទេសចរណ៍ដែលប្រសើរឡើង។

«ចំនួនភ្ញៀវទេសចរនៅខេត្តសៀមរាបបានកើនឡើងក្នុងខែវិច្ឆិកា។ មានហេតុផលជាច្រើនដូចជា ខែវិច្ឆិកាមិនមែនជារដូវភ្លៀងទេ វាគឺជារដូវដ៏ល្អ វាមានភាពកក់ក្ដៅ ហើយយើងអាចមើលថ្ងៃរះ និងថ្ងៃលិច ដោយមិនមានការរំខានពីភ្លៀង និងខ្យល់។ នោះហើយជាមូលហេតុដែលខែវិច្ឆិកាជារដូវភ្ញៀវច្រើន (high season)»។

«ក្រសួងទេសចរណ៍ និងប្រជាជនក៏បានផ្សព្វផ្សាយទេសចរណ៍ តាមរយៈការរៀបចំព្រឹត្តិការណ៍នានានៅក្នុងខេត្តសៀមរាប។ នោះជាហេតុផលសំខាន់មួយទៀតដែលមានភ្ញៀវទេសចរច្រើនមកទស្សនា»។

គួរជម្រាបផងដែរថា ភ្ញៀវទេសចរជនជាតិអាម៉េរិក ដែលមកទស្សនាអង្គរវត្ត ជាប់ចំណាត់ថ្នាក់លេខ១ ដោយមានភ្ញៀវទេសចរ ៩២ ៨៤១នាក់ ស្មើនឹង១០,៣៣ភាគរយនៃចំនួនភ្ញៀវទេសចរបរទេសសរុប។

លោកស្រី ស៊ីវលីន បន្តថា កម្ពុជាទាក់ទាញភ្ញៀវទេសចរមកពីអាម៉េរិក និងអឺរ៉ុប ដោយសារអាកាសធាតុក្តៅនៅកម្ពុជា ខណៈវាជាខែត្រជាក់នៅប្រទេសគេ។ «ក្នុងអំឡុងរដូវកាលចុងឆ្នាំនៅអឺរ៉ុប និងអាម៉េរិក មានព្រិលធ្លាក់ខ្លាំងជាមួយនឹងអាកាសធាតុត្រជាក់ ដូច្នេះគេអាចនឹងជ្រើសរើសប្រទេសកម្ពុជាជាប្រទេសសម្រាប់ធ្វើដំណើរក្នុងរដូវវិស្សមកាលរដូវរងា»។

លោកស្រីបន្តថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរមកពីសហរដ្ឋអាម៉េរិកបង្ហាញពីភាពវិជ្ជមានរបស់កម្ពុជា។ «ការកើនឡើងនៃភ្ញៀវទេសចរអាម៉េរិកដែលជាប់ចំណាត់ថ្នាក់លេខ១នេះ គឺជាសញ្ញាល្អសម្រាប់ប្រទេសកម្ពុជា វាបង្ហាញថាកម្ពុជាជាប្រទេសដែលមានស្ថិរភាពនយោបាយ សុវត្ថិភាពសម្រាប់ការធ្វើដំណើរ និងអាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើនផងដែរ»។

លោកស្រីបន្តថា បើនិយាយពីការចំណាយ ភ្ញៀវទេសចរអាម៉េរិក និងអឺរ៉ុបជាភ្ញៀវដ៏សំខាន់ជាងគេ ដោយសារពួកគេស្នាក់នៅយូរ និងចំណាយប្រាក់ច្រើន។

លោកស្រី ស៊ីវលីន បានមានប្រសាសន៍ថា៖ «លើសពីនេះ កម្ពុជាទទួលបានអត្ថប្រយោជន៍ច្រើន ដោយសារពួកគេ [ទេសចរអាម៉េរិក និងអឺរ៉ុប] ស្នាក់នៅយូរ ដោយសារទេសចរណ៍របស់យើងមានប្រវត្តិសាស្ត្រ ធម្មជាតិ វប្បធម៌ និងឆ្នេរខ្សាច់ ដែលស៊ីគ្នានឹងភាពរស់រវើករបស់ភ្ញៀវទេសចរមកពីប្រទេសទាំងនេះ»។

«ហើយសម្រាប់ការចំណាយលើសេវាកម្មទាំងនេះ ពួកគេចំណាយច្រើន ទោះបីជាពេលខ្លះពួកគេជាអ្នកធ្វើដំណើរកម្សាន្តស្ពាយកាបូបមួយដើរផ្សងព្រេងក៏ដោយ ក៏ពួកគេនៅតែចំណាយប្រាក់យ៉ាងច្រើន។ ជារួម យើងអាចមើលឃើញថាយើងទទួលបានភ្ញៀវលំដាប់ខ្ពស់ពីអាម៉េរិក និងអឺរ៉ុបច្រើននៅឆ្នាំ២០២៤ ជាងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយពេលពួកគេមកលេង គេតែងចំណាយលុយច្រើន»៕

Posted in .

Comments

Leave a Reply

Your email address will not be published. Required fields are marked *